មានត្រឹម Highlander មួយគ្រឿង ក៏អាចរកចំណូលបានមួយថ្ងៃ ៣០០ ដុល្លារដែរ
ក្នុងចំណោមអ្នកបើកបររថយន្តដឹកភ្ញៀវជាច្រើន ដែលសំចតនៅបេនឡានកំពង់សោមភ្នំពេញ បុរសមានវ័យប្រមាណជាង ៣០ឆ្នាំ សម្បុរខ្មៅ មាឌធំដែលជាម្ចាស់ Highlander ឆ្នាំ ២០០១ ពណ៌ទឹកប្រាក់លេងយ៉ាន់ Lexus Rx 330 បាននិយាយថា ក្នុងមួយថ្ងៃលោកអាចរកចំណូលបានចន្លោះពី ៨០ ដល់ ១៥០ ដុល្លារ ។
ចំណូលនេះ គឺបានមកពីការដឹកភ្ញៀវទៅមកភ្នំពេញកំពង់សោម ក្នុងមួយជើង ៤៥ ទៅ ៥០ ដុល្លារ សម្រាប់ការម៉ៅមួយឡាន ឬ ៤ ម៉ឺនរៀលក្នុងម្នាក់ (ជិះរួម) និងថ្លៃផ្ញើឥវ៉ាន់ ឬឯកសារខ្លះៗតម្លៃ ៥០ ដុល្លារ ។ បុរសរូបនេះបន្តថា ដោយសារកម្លាំងមិនសូវដូចមុន លោករត់បាន ២ ទៅ ៣ ជើងក្នុងមួយថ្ងៃហើយដាក់បានតែ ៥ នាក់ មិនដូចក្មេងៗអាចបានដល់ ៤ ជើង ក្នុងមួយថ្ងៃទៅមកភ្នំពេញកំពង់សោម ហើយមួយជើង Highlander ដាក់បានអ្នកជិះបាន ៧ នាក់ នឹងថ្លៃបញ្ញើឥវ៉ាន់អាចដល់ខ្ទង់ ៣០០ ដុល្លារក្នុងមួយថ្ងៃ។
ដោយឡែកចំណូលទាំងនេះ គឺត្រូវកាត់វិញលើថ្លៃបង់ចំណតបេនឡាន ៥ ដុល្លារក្នុងមួយដង និងកាត់ថ្លៃហ្គាសប្រមាណ ២៥ ទៅ ៣០ ដុល្លារ សម្រាប់ការបើកបរទៅមកភ្នំពេញកំពង់សោមមួយជើង។ មើលទៅថាបានច្រើនមែន តែវាសម្រាប់តែខែត្រូវប៉ាន់ដូចជាឆ្លងឆ្នាំ បុណ្យទាននានាប៉ុណ្ណោះ ពេលខ្លះមួយថ្ងៃបានតែមួយជើងក៏មានដែរ។ នេះបើតាមអ្នកបើកបរវ័យជាង ៣០ ឆ្នាំរូបនេះបន្ថែម៕
ប្រភព Sabay News

Post a Comment